
(តូក្យូ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ លោក Nobuhiro Masuda នាយកផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ របស់សមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោក២០២៥ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួម ទទួលបន្ទុកប្រទេសកម្ពុជា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។ ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការគាំទ្រ និងសុទិដ្ឋិនិយមចំពោះពិព័រណ៍ពិភពលោកអូសាកា ២០២៥ ។ លោក Masuda អ្នកគ្រប់គ្រងប្រទេសអ្នកចូលរួម ទទួលបន្ទុកប្រទេសកម្ពុជា បានពិភាក្សាអំពីកិច្ចប្រជុំ (International Participants Meeting) នាពេលខាងមុខ និងបានគាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃការរៀបចំ និងចូលរួមរបស់កម្ពុជានៅក្នុងពិព័រណ៍ពិភពលោកអូសាកា ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា កាន់សៃ ប្រទេសជប៉ុន។